សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christian Lechervy (គ្រីស្សង់ ឡឺសែវី ) ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ឯកឧត្តមអគ្គរដ្ឋទូតបានរំលឹកអំពីជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតី ម៉ាក្រុង កាលពីខែធ្នូឆ្នាំ ២០២២ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលពេលនោះសម្តេចតេជោ គឺជាប្រធានអាស៊ាន។ ឯកឧត្តម បានបន្តថា ឯកឧត្តម ម៉ាក្រុង បានប្រាប់ថា រូបគាត់ និងសម្តេចតេជោ បានពិភាក្សាគ្នាប្រកបដោយកាយវិការស្និទ្ធស្នាល និងត្រង់ទៅត្រង់មកលើបញ្ហាជាច្រើន រួមទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហានយោបាយក្នុងពិភពលោក។ ប្រធានបទមួយ នៅក្នុងចំណោមប្រធានបទដ៏ច្រើននៃកិច្ចពិភាក្សារវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង គឺស្តីពីការស្វែងរកសន្តិភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា។ ប្រធានបទនេះ បានជំរុញឯកឧត្តម មកជួបសម្តេច ដើម្បីទទួលយកអនុសាសន៍ពីសម្តេច នាពេលនេះ។ ឯកឧត្តម ក៏បានបង្ហាញពីការចង់ដឹងអំពីទស្សនៈរបស់សម្ដេចតេជោក្នុងឋានៈសម្ដេចជាឥស្សរជនមួយរូបក្នុងតំបន់អាស៊ាន ជុំវិញការរកដំណោះស្រាយមីយ៉ាន់ម៉ា។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះការទទួលស្គាល់តួនាទីរបស់សម្តេច ក្នុងការចូលរួមដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកន្លងមក។ សម្តេចតេជោ បានថ្លែងអំណរគុណប្រទេសបារាំង ដែលបានគិតគូរពីតំបន់អាស៊ានរបស់យើង តាមរយៈការរៀបចំប្រេសិតពិសេសទទួលបន្ទុកវិបត្តិនៅមីយ៉ាន់ម៉ានេះ គឺជាការរួមចំណែកដល់សន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង និងក្នុងតំបន់អាស៊ានផងដែរ។ សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអគ្គរដ្ឋទូតថា អាស៊ាន បានធ្វើកិច្ចការច្រើនណាស់ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ហើយជាចម្បងនោះ អាស៊ានត្រូវមានការឯកភាពគ្នា។
សម្ដេចបន្តថាស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ដែលគួរតែត្រូវបានគិតគូរឡើងវិញ ចំពោះកញ្ចប់ផែនការថ្មីនៃដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន ដោយមូលហេតុថា កិច្ចព្រមព្រៀងកុងសង់ស៊ីស៥ចំណុចរបស់មេដឹកនាំអាស៊ាននាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង៥នោះ លើកឡើងពីការទប់ស្កាត់ហិង្សា ប៉ុន្តែ ពេលនេះ ស្ថានភាពរាលដាលសឹងតែក្លាយទៅជាសង្រ្គាមស៊ីវិលទៅហើយ។
សម្តេចបានបន្ថែមថា យើងមានសុទិដ្ឋិនិយម ចំពោះវិធីសាស្រ្តថ្មី ដែលអាចទាញសភាពការណ៍មីយ៉ាន់ម៉ា ឈានទៅរកការចរចាបាន។ សម្តេចបានបញ្ជាក់ថា ដំណោះស្រាយយោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់បាននោះទេ ហើយការស្វែងរកសន្តិភាព តាមរយៈការចរចាទាមទារនូវពេលវេលា។
សម្ដេចតេជោបានជម្រាបជូនឯកឧត្តមប្រសិតពិសេសបារាំងថា សម្ដេចធ្លាប់បានជួបជាមួយឯកឧត្តម Min Aung Hlaing កាលពីឆ្នាំ២០២២ ហើយបន្ទាប់មកទៀតក៏បានជួបតាមអនឡាញជាបន្តបន្ទាប់ ហើយថ្មីៗនេះបេសកជនពិសេសរបស់មីយ៉ាន់ម៉ាក៏បានមកជួបសម្ដេចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលមីយ៉ាម៉ាទទួលយកនូវអនុសាសន៍របស់សម្ដេច ក្នុងការបញ្ជូនតំណាងមិនមែននយោបាយទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ។
ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការចែករំលែកទស្សនៈ និងបទពិសោធន៍ដ៏អស្ចារ្យរបស់សម្តេចតេជោ ទាំងបទពិសោធន៍ផ្ទាល់ខ្លួននៃដំណើរស្វែងសន្តិភាពឱ្យប្រទេសកម្ពូជា និងការខិតខំចូលរួមស្វែងរកសន្តិភាពឱ្យប្រទេសមីយ៉ាន់ម៉ា យ៉ាងសុទ្ធចិត្តទាំងផ្នែកនយោបាយ និងមនុស្សធម៌។ ឯកឧត្តម នឹងបន្តធ្វើការងារជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ជាពិសេសប្រទេសនិយាយភាសាបារាំងក្នុងការរកដំណោះស្រាយដល់មីយ៉ាន់ម៉ាបន្តទៀត៕