សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈី ឈឹងសាន (QU Qingshan)សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ នៅវិមាន ៧មករា រាជធានីភ្នំពេញ។
សម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តម ឈី ឈឹងសាន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេច បានចាត់ទុកថាជាការពង្រឹងនិងពង្រីកចំណងមិត្តភាពនិងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន រវាងបក្សកុម្មុយនីស្តចិននិងគណបក្សប្រជាជនកម្ពុជា ពិសេសរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។
សម្តេច ក៏បានអរគុណដែលឯកឧត្តមនឹងធ្វើបទបង្ហាញស្តីពី «ប្រវត្តិ១០០ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិននិងបទពិសោធន៍សំខាន់ៗរបស់ខ្លួន» ដើម្បីចែករំលែកដល់មន្ត្រីនៃគណបក្សប្រជាជនកម្ពុជាក្នុងដំណើរទស្សនកិច្ចនេះ។
សម្តេច ក៏បានអបអរសាទរចំពោះកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ និងការធ្វើទំនើបកម្មរបស់ចិន ហើយសម្តេចក៏បានបន្តថា គ្មានការសង្ស័យឡើយ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិននិងឯកឧត្តម ស៊ី ជីនពីង ចំពោះការរីកចម្រើនឥតឈប់ឈររបស់ប្រទេសចិន។ សម្ដេចតេជោក៏បានបន្ថែមថាផងដែរថាគ្មានការសង្ស័យទេក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន និងឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ស៊ី ជីនពីង ប្រទេសចិននៅតែជាប្រទេសដែលរឹងមាំហើយមិនមែនសម្រាប់តែចិនខ្លួនឯងនោះទេតែក៏សម្រាប់តំបន់ទាំងមូលផងដែរ។
សម្តេច មានប្រសាសន៍ថាប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រតាំងពីសម័យចេនឡាបន្តមកដល់សម័យបច្ចុប្បន្ន ហើយកម្ពុជានៅតែបន្តអនុវត្តគោលនយោបាយដែលមានរួចមកហើយ និងចាំបាច់បន្តពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ការកសាងសហគមន៍វាសនារួម កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចបានសង្កត់ធ្ងន់ថា ជំនួយរបស់មិត្តចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ ដែលតម្រូវឱ្យយើងមានភាពចាំបាច់ក្នុងការជំរុញមិត្តភាពមួយនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានអរគុណមិត្តចិនដែលបានផ្តល់ជាកញ្ចប់ជំនួយដល់កម្ពុជា ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវនាពេលថ្មីៗនេះ។ សម្តេច ក៏បានលើកឡើងពីអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះទំនាក់ទំនងអាស៊ាន-ចិន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន គួរតែត្រូវបានជំរុញបន្ថែមទៀត៕