រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រណាំងទូក នៅលើដងទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ២គឺចាប់ពីថ្ងៃទី១៧-១៨តុលា ឆ្នាំ២០២៤ ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូក នៅថ្ងៃទី១៧ តុលា ឆ្នាំ២០២៤នេះ អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួម បានញុាំងឲ្យការរៀបចំពិធីនេះ មានភាពអធីកអធមក្រៃលែង។
ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។
គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៦៦ទូក។ ក្នុងនោះ ទូកអុំចំនួន ៣៣ទូក
ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់៕