កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន G7 បានបើកកិច្ចប្រជុំមួយ ដោយបានចេញការថ្កោលទោសចំពោះរុស្ស៊ី ជុំវិញបញ្ហានៅអ៊ុយក្រែន និងបានស្នើសុំឲ្យចិន “កុំលូកដៃក្នុងបញ្ហាមួយនេះ”។ នេះបើតាមសេចក្ដីប្រកាសពីការប្រជុំរបស់ក្រុមប្រទេសសេដ្ឋកិច្ចធំៗបំផុតលើលោក។
យោងតាមការចុះផ្សាយពី CNN បានបង្ហាញថា អ្នកការទូតកំពូលរបស់ប្លុកនេះបានសន្យាថានឹងមាន “ផលវិបាកធ្ងន់ធ្ងរ” សម្រាប់ការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬនុយក្លេអ៊ែរដោយរុស្ស៊ី សម្រាប់ជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ហើយបានសន្យាថា អ្នកដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់វិមានក្រឹមឡាំងនៅទីនោះ ក៏នឹងប្រឈមមុខនឹង “ការចំណាយធ្ងន់ធ្ងរ” ជាពិសេសពួកគេបានចង្អុលទៅការគំរាមរបស់រុស្ស៊ី ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស្សដែលជាអ្នកជិតខាងទៀតផង។
បន្ថែមពីនោះ រដ្ឋមន្ត្រីការបរទេស G7 បានអំពាវនាវឱ្យប្រទេសចិន “ជៀសវាងការគំរាមកំហែង ការបង្ខិតបង្ខំ ការបំភិតបំភ័យ ឬការប្រើប្រាស់កម្លាំង” និងបានលើកឡើង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង ដែលប្រឆាំងនឹង “ការធ្វើយោធា” នៃសមុទ្រចិនខាងត្បូង ខណៈពេលមានការបង្ហាញពីការបង្រួបបង្រួមជុំវិញបញ្ហាកោះតៃវ៉ាន់។
សូមជម្រាបដែរថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G7 ធ្វើឡើង ចំពេលវិមានក្រឹមឡាំងប្រកាសពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទៅកាន់តំបន់មួយចំនួននៅអ៊ុយក្រែន ដែលរុស្ស៊ីអះអាងថាបានកាត់យកកាលពីឆ្នាំទៅ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់អំពីដំណើរទស្សនកិច្ចមួយនេះឡើយ៕