សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះសំណាលក្រៅផ្លូវការជាមួយកីឡាករ កីឡាការិនីគុនខ្មែរ មុនការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខាងមុខនេះ ដោយមាន កីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ដែលនឹងត្រូវធ្វើការប្រកួតប្រជែង ក្រោមបទបញ្ជា និងច្បាប់ប្រកួតថ្មីមួយដែលនឹងត្រូវប្រើប្រាស់រួមក្នុងព្រឹត្តិការណ៍នេះ ។
មានប្រសាសន៍ក្នុងឱកាសនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានណែនាំ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីខ្មែរ ឱ្យចូលរួមបំផុសគុនខ្មែរឱ្យបានទូលំទូលាយ ចែករំលែកគុនខ្មែរជាមួយគ្នា និងរួមគ្នាចងក្រងគុនខ្មែរទុកជាឯកសារ ក្នុងគោលដៅផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តលើវិស័យគុនខ្មែរយើង។ ការប្រកួតក្បាច់គុនចម្រុះបុរាណខ្មែរនាពេលខាងមុខ គឺរៀបចំឡើងដើម្បីបង្ហាញនូវភាពសម្បូរបែបរបស់ក្បាច់គុនបុរាណខ្មែរ ជួយបំផុសនូវក្បាច់គុនខ្មែររបស់យើង ផ្សព្វផ្សាយ ចងក្រងគុនបុរាណខ្មែរ និងដើម្បីបង្កើនមិត្តភាពរវាងគ្នាបន្ថែមមួយកម្រិតទៀត។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចមហាបវរធិបតី” នឹងត្រូវរៀបចំរៀងរាល់ឆ្នាំ ក្រោយទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ៕