រោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងទំហំទុនប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ។ រោងចក្រថាមពលអគ្គិសនីមួយនេះ មានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។
ក្នុងពិធីបើកការដ្ឋានសាងសង់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ព្រោះថាមពលអគ្គិសនី មិនមែនត្រឹមតែជាផលិតផលមួយដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជា ផលិតផលមួយដែលត្រូវការចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀតក្នុងផ្នែកសេដ្ឋកិច្ចផងដែរ។
ឯកឧត្តម កែវ រតនៈ បានលើកឡើងបន្តថា ថាមពលអគ្គិសនីប្រើប្រាស់ឧស្ម័នធម្មជាតិនេះ គឺបៃតងជាងការផលិតអគ្គិសនីដោយដុតធ្យូងថ្មរហូតដល់ ៥០ភាគរយ។ ដូច្នេះរោងចក្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពអគ្គិសនីនៅកម្ពុជា និងបង្កើនការទាក់ទាញការវិនិយោគថ្មីៗ ពិសេសក្នុងឧស្សាហកម្មបៃតង។
ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមទៀតថា ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យ បានត្រឹមត្រូវ រីកចម្រើនឆាប់រហ័សដើម្បីឈានទៅសម្រេចបាន “ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា” គឺជាគន្លឹះដ៏ សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឲ្យដឹងថា គម្រោងនេះនឹងក្លាយជារោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិមួយធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងផ្តល់នូវសន្តិសុខថាមពលសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត បង្កើតការងាររាប់រយកន្លែង និងជួយជំរុញ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។
ដោយឡែក លោក Pianka Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power ក៏បានរំពឹងថា រោងចក្រផលិតអគ្គិសនី នឹងរួមចំណែកដល់ពង្រឹងស្ថេរភាពបណ្តាញ ភាពជឿ ទុកចិត្ត និងភាពធន់នៅក្នុងវិស័យអគ្គិសនីកម្ពុជា ព្រមទាំងជួយគាំទ្រដល់ការបង្កើនចំណែកនៃថាមពលស្អាតរហូតដល់ ៧០% របស់កម្ពុជា នៅឆ្នាំ ២០៣០។
គួរបញ្ជាក់ថា រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ នឹងផ្តល់ការងារដល់ប្រជាជនចំនួន ២.៦០០នាក់ ក្នុងកំឡុងពេលសាងសង់។ រោងចក្រនេះ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ ២០២៧តទៅ ដោយប្រើរយៈកាលនៃការសាងសង់គឺ ៣៨ ខែ ហើយនឹងប្រើប្រាស់កម្លាំងពលកម្មពេញម៉ោងចំនួន ៣៥០នាក់ ក្រោយពេល សាងសង់រួចរាល់។
បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV៕
អត្ថបទ៖ ពុទ្ធិកា