ក្រោយជួបសម្តេចបវរធិបតី ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក ចាប់អារម្មណ៍ចំពោះទីផ្សារកម្ពុជា

សម្តេចបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់តំបន់អាស៊ី-អាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ របស់ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្ដល់សេវាហោះហើរឯកជនឈានមុខរបស់អាមេរិក ដោយផ្តោតលើជើងហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរៈជន។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា ដែលនឹងរួមចំណែកក្នុងការពង្រីកការតភ្ជាប់ និងទេសចរណ៍ជាមួយតំបន់និងពិភពលោក។

សម្ដេចធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនចំពោះទីផ្សារនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា ពិតជាផ្តល់ឱកាស និងសក្ដានុពលដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សាភ្ជាប់ជាមួយតំបន់។ បន្ថែមលើនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូរពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតអំពីការវិនិយោគនៅកម្ពុជាផងដែរ៕