ក្រសួងបរិស្ថាន ពង្រឹងការអនុវត្តច្បាប់បរិស្ថាន ជាមួយការពង្រឹងសមត្ថភាពមន្រ្តីជំនាញសវនកម្មផ្ទៃក្នុង

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានក្រើនរំលឹកមន្រ្តីជំនាញចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជាពិសេសក្រមបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ការក្រើនរំលឹកបែបនេះ របស់ឯកឧត្តមបបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» ដែលបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះដែរ ឯកឧត្តមបរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន ត្រូវចូលរួមប្រឹងប្រែងអនុវត្តន៍ការងារ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតលើមុំ៣សំខាន់គឺស្អាត បៃតង និងចីរភាព។ ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់កម្ពុជា នឹងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅបង្កើនគម្របព្រៃឱ្យបានច្រើន និងសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

«មន្រ្តីបរិស្ថានត្រូវមានភាពស្អាត ដូចមានចែងក្នុងយុទ្ធសាស្រ្តចក្រា ដែលយកច្បាប់ ទៅប្រើប្រាស់ក្នុង បុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនឹងសង្គម»។ នេះជាការលើកឡើងបន្ថែមរបស់បណ្ឌិត អ៊ាង សុផល្លែត ដោយជំរុញឱ្យមន្រ្តីប្រើប្រាស់ ក្រមបរិស្ថាន និងធនធានធម្មជាតិជាគោល ក្នុងការបំពេញភារកិច្ច។

ក្នុងឱកាសនោះ ឯកឧត្តមបរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» ដែលជួយដល់មន្រ្តីបរិស្ថាន យល់ច្បាស់បន្ថែមពីក្របខណ្ឌច្បាប់ និងក្របខណ្ឌជំនាញរបស់សវនកម្មផ្ទៃក្នុង ដើម្បីយកទៅបំរើការងារប្រចាំថ្ងៃដល់អង្គភាព ប្រកបដោយប្រសិទ្ធភាព ពង្រឹងកសាងសមត្ថភាព និងស្វែងយល់កាន់តែច្បាស់ពីការគ្រប់គ្រងផ្ទៃក្នុង ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។