សម្តេចនាយករដ្ឋមន្ត្រី អំពាវ​នាវដល់ភ្ញៀវ​ទេសចរ ចូលរួមឲ្យបានច្រើនកុះករ ក្នុង​ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជាលើកទី២ »

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ » នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ រំលេចនូវវប្បធម៌ដ៏យូរលង់ និងអរិយធម៌ដ៏ចំណាស់របស់កម្ពុជា ព្រមទាំងមានការដង្ហែក្បួនទ័ព នៅខាងក្នុងប្រាសាទអង្គរ ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីបានភ្លក្សនូវរសជាតិម្ហូបអាហារខ្មែរ និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ រួមជាមួយការទស្សនានូវទស្សនីយភាពសិល្បៈបុរាណខ្មែរ ជាច្រើនប្រភេទ ក្នុងពេលនោះដែរ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ » ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាប នៅចុងខែតុលានេះ នឹងមានផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯក រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ព ក្បួនដង្ហែពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់​នៅខាងក្នុងប្រាសាទអង្គរជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើ​ងតាំងពីបុរាណ​កាលមក។ ​លើសពីនោះក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបខ្មែរ សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង៕

អត្ថបទ៖ ពុទ្ធិកា