នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសមិនចូលរួមជាមួយយន្តការណាដែលប្រឆាំងប្រទេសណាមួយ ឬប៉ះពាល់សន្តិភាពក្នុងតំបន់ និងសកលលោក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការសន្ដិភាព ដូច្នេះកម្ពុជាមិនចូលរួមជាមួយយន្ដការណាដែលប៉ះពាល់ជាមួយសន្ដិភាពឡើយ ហើយកម្ពុជា មិនគាំទ្រគោលនយោបាយប្រទេសណាមួយ ដែលដាក់ចេញឡើងដើម្បីប្រឆាំងប្រទេសណាមួយទេ។

សម្ដេចបវរធិបតី មានប្រសាសន៍ថា៖ “កម្ពុជានឹងមិនចូលរួមជាមួយយន្តការណាដែលបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណាទេ កម្ពុជាចូលរួមជាមួយប្លុកឬយន្តការណាដែលបង្កើតឡើងក្នុងគោលដៅរួមដើម្បីថែក្សាសុខដុមនីយកម្ម វិបុលភាព សន្ដិភាពក្នុងតំបន់ និងសកលលោក។”

បើតាមសម្តេចបវរធិបតី កម្ពុជាចូលរួមយន្តការណាដែលផ្តល់ផលប្រយោជន៍ ដើម្បីជម្រុញសេដ្ឋកិច្ច និងអភិវឌ្ឍន៍។ សម្តេចគូសបញ្ជាក់បន្ថែមថា សន្តិភាពផ្ទៃក្នុងប្រទេសត្រូវតែរក្សាឱ្យបាន ប៉ុន្តែ សន្តិភាពក្នុងតំបន់ក៏ចាំបាច់ផងដែរ។

ប្រសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្ដ្រី ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤៕

អត្ថបទ៖ អក្ខរា