សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទីផ្សារកម្ពុជាតូច បើមិនបើកពាណិជ្ជកម្មខាងក្រៅនឹងមានការលំបាក ដូច្នេះត្រូវតែបើកទ្វារស្វាគមន៍ទីផ្សារអន្ដរជាតិ។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថាយើងមិនអាចបិទទ្វារប្រទេស មិនឲ្យគេនាំចូលនោះទេ, ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល, គេអនុគ្រោះយើង យើងអនុគ្រោះគេ។
ប្រសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤នោះ គឺប្រទេសកម្ពុជាបានក្លាយជាសមាជិកទី១៤៨។ រយៈពេល២០ឆ្នាំមកនេះ កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្មដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មាន សារ:សំខាន់ជាប្រវត្តិសាស្ត្រនេះ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល៕
អត្ថបទ៖ អក្ខរា