នាយករដ្ឋមន្ត្រីកម្ពុជា សង្កត់ធ្ងន់ពី «គ្រោះមហន្តរាយបង្កដោយមនុស្សដ៏គួរឱ្យភ័យខ្លាច» តាមរយៈល្បិចកលដ៏ខ្មៅកខ្វក់របស់ក្រុមជនឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច និងបក្ខពួក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតក្នុងឱកាសទិវាគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅឆ្នាំនេះ ក្រោមប្រធានបទ៖ តួនាទីនៃការអប់រំក្នុងការការពារ និងផ្ដល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ។

សម្ដេចបវរធិបតី បានលើកឡើងថា ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡា ពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះ គ្រប់វិស័យសុទ្ធតែជាប់ពាក់ព័ន្ធ និងត្រូវរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងសកម្មភាព ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បន្ថែមលើនេះ ការរួមចំណែកគាំទ្រ ឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងការឆ្លើយតបគ្រោះមហន្តរាយ ពីសំណាក់ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ សប្បុរសជន នៅតែជាភាពចាំបាច់ដែលមិនអាចកាត់ផ្តាច់បាន ដែលមែនត្រឹមតែជា កិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយនៃការវិនិយោគ ដែលពលរដ្ឋធ្វើឡើងជាមួយអាជ្ញាធរ ដើម្បីរួមគ្នាការពារសុខសុវត្ថិភាព និងសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិទាំងមូល។

ដើម្បីជំរុញឱ្យស្មារតីនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ក្លាយជាការពិតជាក់ស្ដែង សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី អំពាវនាវ៖ ១. បន្តចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាទប់ស្កាត់រាល់ ចេតនាបង្កចលាចលសង្គម ការញុះញង់ បង្កអស្ថេរភាព បំផ្លាញសន្តិភាព ក្នុងបំណងទាញសង្គមជាតិ ធ្លាក់ ចូលក្នុងភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមជាថ្មីណាមួយ ដែលជា «គ្រោះមហន្តរាយបង្កដោយមនុស្សដ៏គួរឱ្យភ័យ ខ្លាច» តាមរយៈល្បិចកលដ៏ខ្មៅកខ្វក់ របស់ក្រុមជនឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច និងបក្ខពួក ។ ២. បង្កើនការយល់ដឹងអំពីមុខសញ្ញាគ្រោះថ្នាក់ ការអប់រំផ្សព្វផ្សាយ ព័ត៌មានព្យាករណ៍ និងការ ប្រកាសឱ្យដឹងមុន និងចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ។ ៣. រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ច ធ្វើការវិនិយោគ ពង្រីកមុខរបរ ដែលធន់ ដើម្បីរក្សាស្ថេរភាពជីវភាពរស់នៅ ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ-ឃុំមានសុវត្ថិភាព ក៏ ដូចជាការការរួមចំណែកគាំទ្រ ឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព និងនៅក្នុងសកម្មភាពឆ្លើយតបគ្រោះមហន្តរាយនានា៕

អត្ថបទ៖ អក្ខរា