ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជាដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ នេះបើតាមឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់អនុវត្តក្នុងអាណត្តិទី៧ នេះនិងស្នើសុំឱ្យមានការចូលរួមសហការដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។ កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរនោះទើបជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តមណ្ឌលគិរីប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យ ជាប្រយោជន៍ងាយស្រួលក្នុងការរៀបចំខេត្តមណ្ឌលគិរីឱ្យបានល្អប្រសើរស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ ពីព្រោះមណ្ឌលគីរីជាខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់និងមានសក្តានុពលទាំងកសិ-ឧស្សាហកម្ម និងអេកូទេសចរណ៍។
នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក្នុងការអនុវត្តកិច្ចការជាច្រើនទាក់ទិននឹងការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តនេះ ដោយឯកឧត្តមសង្ឃឹមថាកិច្ចការចុះបញ្ជីដីធ្លីនៅក្នុងខេត្តមណ្ឌលគិរីនឹងអាចបញ្ចប់រួចរាល់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម បានបញ្ជាក់ថាការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋគឺដើម្បីបញ្ចប់វិវាទដីធ្លីនិងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕