ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ថា អាស៊ានគួរតែរក្សាការប្ដេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា អាស៊ានគួរតែរក្សាការប្ដេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ទន្ទឹមនឹងនោះក៏បាន អំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក និង ជាមួយដៃគូអាស៊ាន។

ដើម្បីរក្សាអាស៊ានជាកម្លាំងចលករសម្រាប់វិបុលភាពពិភពលោក សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា អាស៊ានគួរតែប្រើប្រាស់សក្តានុពលដ៏ធំនៃវិស័យដែលកំពុងរីកចម្រើន ដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយ និរន្តរភាព។

ការគូសបញ្ជាក់របស់សម្ដេចបវរធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះអាទិភាពរបស់ឡាវដែលជាប្រធានអាស៊ាន ជាពិសេសការពង្រឹងការតភ្ជាប់ និងភាពធន់ដែល ឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅជាមួយនឹងសេចក្តីប្រាថ្នា និងចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីសម្រេច បាននូវតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរឹងមាំ ប្រកបដោយវិបុលភាព និងមានភាពសមាហរណកម្ម។

ប្រមុខរាជរដ្ឋាភិបានបានសង្កត់ធ្ងន់ទៀតថា ចំពោះការប្រឈមមុខនឹងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ ដែលកាន់តែខ្លាំងឡើងដោយ បញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនប្រកបដោយភាពធន់ទៅនឹងអនាគត៕