ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តរតនគិរី សរុប ២៧៤ រូប។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា “សាមគ្គីឯកភាពដែលឆ្លងកាត់ការសាកល្បង គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត” មិនថាការដឹកនាំនៅក្នុងបរិបទណានោះទេ កត្តាសាមគ្គីឯកភាពផ្ទៃក្នុងនៃអង្គភាព ក្រុមការងារ ឬគណបក្សនយោបាយនីមួយៗជាគន្លឹះដ៏សំខាន់ និងចាំបាច់ជាទីបំផុត។
ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី សូមកោតសរសើរដល់សមាជិកសមាជិកា ទាំងអស់របស់គណបក្សប្រជាជនកម្ពុជាដែលបានបន្តចូលរួមការងារដ៏មមាញឹកហើយផ្តល់ជាគុណប្រយោជន៍ជូនដល់ប្រជាជន និងប្រទេសជាតិ ប្រកបដោយស្មារតីខ្ពស់ក្នុងការថែរក្សាឯកភាពសាមគ្គីភាពផ្ទៃក្នុង បានកាន់តែរឹងមាំបន្ថែមទៀត ទោះបីជាធ្លាប់បានឆ្លងកាត់ការប៉ុនប៉ង សាកល្បងបំបែកបំបាក់ ដោយចេតនាអាក្រក់ពីក្រុមទុច្ចរិតយ៉ាងណាក៏ដោយ។
ឯកឧត្តម ក៏បានប្តេជ្ញាបន្តបម្រើប្រទេសជាតិ និងប្រជាជន ជាមួយសក្តានុពលភាពនៃភាពរឹងមាំនេះឆ្ពោះទៅមុខ ប្រកបដោយថាមភាព និងភាពជឿជាក់ ព្រោះថាសាមគ្គីឯកភាពដែលឆ្លងកាត់ការសាកល្បង គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត។
គួរបញ្ជាក់ថា ពិធីសំណេះសំណាលនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបសំណេះសំណាល សួរសុខទុក្ខអង្គបោះឆ្នោត និងបេក្ខជនពេញសិទ្ធរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅពង្រឹងរចនាសម្ព័ន្ធ និងតួនាទីរបស់ការងារចលនាមហាជនរបស់គណបក្សនៅថ្នាក់មូលដ្ឋានរបស់គណបក្ស ដើម្បីរួមចំណែកដល់ការធានាជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោត៕