ថៃកំពុងលិចលង់! ពេលនេះ ក្រសួងការងារអំពាវនាវដល់ពលករខ្មែរនៅថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍គ្រោះធម្មជាតិ និងអនុវត្តតាមការណែនាំពីអាជ្ញាធរថៃ។

អ្នកនាំពាក្យបានបញ្ជាក់ថា គិតមកទល់ពេលនេះពុំទាន់មានពលករខ្មែរណាម្នាក់ត្រូវបានរកឃើញទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅប្រទេសថៃនៅឡើយទេ។

បើតាមឯកឧត្តម កត្តា អ៊ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។

ទឹកជំនន់បានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ហើយបានជន់លិចផ្លូវ និងហាងលក់ទំនិញជាច្រើនកន្លែងនៅភាគខាងជើងប្រទេស ក្នុងខេត្តឈៀងម៉ៃ ទីក្រុងបាងកក និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ។ នៅកន្លែងផ្សេងទៀត ខេត្តនៃភាគកណ្តាលប្រទេសថៃកំពុងប្រឈមមុខនឹងការជន់លិចទឹកដូចគ្នា បន្ទាប់ពីនាយកដ្ឋានធារាសាស្ត្របានប្រកាសថា ពួកគេកំពុងបញ្ចេញទឹកពីទំនប់ដ៏ធំដែលអាចនឹងប៉ះពាល់ដល់កម្រិតទឹកនៅតំបន់ខាងក្រោមប្រទេសដែរ៕