បន្ទាប់ពីចាកចេញពីកម្ពុជា ទៅដល់ប្រទេសឡាវភ្លាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍។
ក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ និងសន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសទាំងពីរ។
ប្រមុខរដ្ឋាភិបាលទាំងពីរប្រទេស ក៏បានបង្ហាញក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” កាលពីឆ្នាំ២០១៩។
ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានស្វាគមន៍ចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍។
ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់ឯកឧត្តមនាយករដ្ឋមន្ត្រី ចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ហើយសម្តេច បានគូសបញ្ជាក់ថា កម្ពុជា គាំទ្ររបស់ចំពោះប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន ដែលបានធ្វើឡើងកាលពីនាល្ងាចថ្ងៃទី៨ ខែតុលា មិ្សលមិញ ស្របគ្នាជាមួយនឹងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកតី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៕
អត្ថបត៖ ពុទ្ធិកា