ទន្ទឹមនិងការត្រៀមខ្លួនធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃ ០៩ ខែ តុលា ស្អែកនេះ ស្រាប់តែលោកស្រី អ៊ឹម សុគន្ធា ដែលជា អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia កាន់តែក្តៅស្លឹកត្រចៀក បន្ទាប់ពីលោក ណាវ៉ាត់ បានធ្វើសន្និសីសារព័ត៌មាននៅប្រទេស ថៃ ខណៈពេលដែលលោក អ៊ិន សុភិន បាននិយាយឆ្លើយឆ្លងជាមួយភាគី ថៃ អំពីរឿង Miss Grand Cambodiaនៅក្នុងឆ្នាំ ២០២៥ ។
រឿងដកសិទ្ធមិនឱ្យ កម្ពុជា បន្តធ្វើជាម្ចាស់ផ្ទះ Miss Grand International ឆ្នាំ ២០២៤ មិនទាន់បានស្ងប់ស្ងាត់ផង លោក អ៊ិន សុភិន ដែលជាអតីតអ្នកដឹកនាំ Miss Grand Cambodia កាលពីប៉ុន្មានឆ្នាំមុន ស្រាប់តែបានឆ្លើយឆ្លងសារ និងនិយាយតទល់ជាមួយលោក ណាវ៉ាត់ អំពីរឿងបន្តធ្វើ Miss Grand Cambodia ឆ្នាំ ២០២៥ ពីលោកស្រី អ៊ឹម សុគន្ធា ដែលជា អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia ឆ្នាំ ២០២៤ នេះ ។
រឿងរ៉ាវខាងលើនេះកំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គម រហូតធ្វើឱ្យលោកស្រី អ៊ឹម សុគន្ធា ក្តៅស្លឹកត្រចៀកកាន់តែខ្លាំង និងនិយាយទៅកាន់លោក អ៊ិន សុភិន ថា « ពូហេតុអីពូធ្វើចឹង ? ពូកំពុងតែធ្វើឱ្យមុខមាត់ប្រទេស កម្ពុជា បាក់មុខហើយ ពូមានបេះដូងនិងឈាមជ័រជាខ្មែររឺអត់ ? » ។
លោកស្រី អ៊ឹម សុគន្ធា ក៏ត្រៀមនឹងធ្វើសន្និសីទសារព័ត៌មានធំមួយនៅព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៤ ស្អែកនេះផងដែរ ៕