ជំនួយការនាយករដ្ឋមន្ត្រី៖ ជិត ២០ឆ្នាំហើយ តើពេលណាក្រសួងសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ អាចដោះស្រាយបញ្ហាកុមារសុំទានតាមដងផ្លូវបាន?

​ លោក ជា ធីរិទ្ធ ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជុំវិញបញ្ហាកុមារសុំទានតាមដងផ្លូវ ដោយបានចោទសួរទៅក្រសួងសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ថា តើពេលណាអាចដោះស្រាយបញ្ហានេះបាន? ខណៈដែលក្រសួងបានប្តេជ្ញាដោះស្រាយបញ្ហានេះ ជិត ២០ឆ្នាំហើយ នៅតែធ្វើមិនបាន។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ​លោក ជា ធីរិទ្ធ បានសរសេររៀបរាប់ថា៖ “តើពេលណាក្រសួងសង្គមកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ អាចដោះស្រាយបញ្ហាកុមារសុំទានតាមដងផ្លូវបាន? ព្រោះជិត ២០ ឆ្នាំ ដែលក្រសួងប្តេជ្ញាដោះស្រាយបញ្ហានេះ តែមកដល់បច្ចុប្បន្នគឺនៅតែធ្វើមិនបាន។ ពេលដែលខ្ញុំជិះកាត់ស្តុបម្តងៗនៅភ្នំពេញ ខ្ញុំតែងសង្វេគពេលឃើញទារកនិងកុមារដែលជាវ័យចូលសាលា ត្រូវបានគេប្រើមកឲ្យសុំទានតាមដងផ្លូវ។ វាជាការរំលោភសិទ្ធិកុមារដ៏ធ្ងន់ធ្ងរ ដែលយើងមើលឃើញគ្រប់គ្នារាល់ថ្ងៃ តែយើងធ្មេញភ្នែក ហើយក្រសួងពាក់ព័ន្ធដោះស្រាយមិនចេញ។ ខ្ញុំមិនយល់ថា ហេតុអ្វីបានជាបញ្ហានេះស្ថាប័នពាក់ព័ន្ធដោះស្រាយមិនបាននោះទេ? ខ្ញុំគិតថា វាមិនលំបាកដូចបញ្ហាជួយដូរគ្រឿងញៀនឡើយ។ តើទាល់តែថ្នាក់ដឹកនាំកំពូលស្រែកឬយ៉ាងណា? ខ្ញុំគិតថា ប្រហែលថ្នាក់ដឹកនាំកំពូលលោកមិនបានដឹងទេ ព្រោះនៅពេលដែលមានក្បួនរថយន្តថ្នាក់ដឹកនាំជិះកាត់ គឺអាជ្ញាធរជួយ​សម្រួលមិនឲ្យឃើញក្មេងសុំទានឡើយ។ បើលោកឃើញ ក៏មានចិត្តអាសូរដូចគ្នាដែរ។ ខ្ញុំទទួលស្គាល់ថា រឿងអ្នកសុំទានប្រទេសណាក៏មានដែរ តែករណីទារកនិងកុមារ ដែលជាវ័យត្រូវទទួលបានការការពារ បែរជាមានគេកេងប្រវ័ញ្ចលើពួកគេឲ្យដើរសុំទានបែបនេះ មិនមានច្រើនឡើងនៅតាមបណ្តាប្រទេសលើពិភពលោកនេះ”។

ការលើកឡើងខាងលើនេះ ក្រោយមានករណីរស្រី្តអ្នកសុំទាន និងកូនតូចៗ​២​នាក់​ត្រូវរថយន្តបុកស្លាប់ពេលដើរឆ្លងផ្លូវ។ ហេតុការណ៍បានកើតឡើងនៅផ្លូវជាតិលេខ​៤ ​ស្ថិតក្នុងភូមិផ្សារកំបូល​សង្កាត់កំបូល​ខណ្ឌកំបូល​ រាជធានីភ្នំពេញ​កាលពីព្រឹកថ្ងៃអង្គារ​ទី៨ ខែតុលានេះ។ តាមប្រភពព័ត៌មាន គ្រួសាររងគ្រោះទើបតែធ្វើដំណើរមកពីស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីដើរសុំទានគេចិញ្ចឹមជីវិត។ លុះដល់ចំណុចកើតហេតុ ស្ត្រីអ្នកសុំទានបានពរ​កូនស្រី​អាយុ​៤​ឆ្នាំ និងដឹកដៃកូនប្រុស​អាយុ៦​ឆ្នាំ​ដើរឆ្លងផ្លូវ​ក៏ត្រូវរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនបុកស្លាប់ទាំង​៣​នាក់​តែម្តង៕

អត្ថបទ៖ អក្ខរា