លោក កន សុខកាយ អស់តំណែងជាអភិបាលស្រុកល្វាឯម ក្រោយធ្លាយរឿងសូកលុយ ៣០ម៉ឺនដុល្លារ រត់ការធ្វើអភិបាលក្រុង

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោក កន សុខកាយ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»។

គួរកត់សម្គាល់ថា ការសម្រេចបញ្ចប់តំណែងអភិបាលស្រុកល្វាឯមរូបនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយពីករណីឆបោកប្រាស់របស់លោក លី សាម៉េត ហៅគ្រូមា ដែលយក​ឈ្មោះសម្តេចទៅ​ប្រើប្រាស់ដើម្បីបោកប្រាស់ ហើយក្នុងចំណោមអ្នកផ្តល់សំណូកនោះ ក៏មានលោក កន សុខកាយ ផងដែរ ដែលបានផ្តល់លុយចំនួន ៣០ម៉ឺនដុល្លារតាមរយៈលោក លី សាម៉េត រត់ការយកតំណែងអភិបាលក្រុងអរិយក្សត្រ។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចតែងតាំងលោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល។

លោក កន សុខកាយ ត្រូវបានអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ បានចេញអនុក្រឹត្យតែងតាំងឲ្យកាន់មុខតំណែងជា អភិបាលស្រុកល្វាឯម ខេត្តកណ្តាល ជំនួសលោក ភឹម ភីរ៉ា អភិបាលស្រុកចាស់៕

អត្ថបទ៖ អក្ខរា