កំពុងសប្បាយនៅ អាមេរិក សុខៗ ស្រាប់តែសង្សារ ម៉ាដូណា ប្រកាសបែកបាក់តាំងពីឆ្នាំមុននិងបានប្រគល់ខុនដូមួយកន្លែងជាកាដូ !

ជារឿងភ្ញាក់ផ្អើលនៅសុខៗ ស្រាប់តែលោក ទ្រី ហេង ដែលជាសង្សាររបស់លោក ម៉ាដូណា ចេញវិដេអូប្រកាស​ក្តែងៗថា ទំនាក់ទំនងខ្លួននិងលោក ម៉ាដូណា បានបែកគ្នាតាំងពីឆ្នាំមុនមកម្លេះ ហើយលោក ម៉ាដូណា បានប្រគល់ខុនដូមួយកន្លែងដល់លោកទុកជាចំណងដៃ ។ ចំណែកលោក ម៉ា ដួណា វិញ កំពុងសប្បាយនៅ អាមេរិក ។

ទំនាក់ទំនងស្នេហាភេទដូចគ្នារវាងតារាកំប្លែង ម៉ាដូណា និងលោក ទ្រី ហេង បានស្រឡាញ់គ្នាជាង ៨ ឆ្នាំមកហើយ អ្នកទាំងពីរធ្លាប់មានរឿងបែកបាក់ជាមួយគ្នាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែអ្នកទាំងពីរនៅតែកៀកស្មាគ្នាឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ ។

ពេលនេះលោក ម៉ាដូណា កំពុងស្ថិតនៅទឹកដី អាមេរិក ដោយលោកបានចំណាយថវិការផ្ទាល់ខ្លួនដើម្បីដើរកម្សាន្តបន្ទាប់ពីបំពេញការងារអស់ពេលពេញមួយឆ្នាំ ។ តាមគម្រោង ម៉ាដូណា មានបំណងចង់ឱ្យសង្សារខ្លួនចេញទៅដើរលេងជាមួយគ្នាដែរ ប៉ុន្តែលោក ហេង បដិសេធមិនព្រមទៅ ។

អ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នោះ គឺលោក ហេង ស្រាប់តែប្រកាសថា ទំនាក់ទំនងខ្លួននិងលោក ម៉ាដូណា ដែលជាដៃគូ បានបែកបាក់គ្នាតាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែអ្នកទាំងពីរព្យាយាមលាក់បាំង ។ វិដេអូដេលលោក ហេង និយាយនេះកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងឆ្ងល់ថា តើអ្នកទាំងពីរពិតជាបែកគ្នាមែនឬគ្រាន់តែជាការលេងសើច ?

ទោះជាយ៉ាងនេះក្តីលោក ហេង នៅតែអះអាងថា វិដេអូនេះជាការពិតមិនមានការប្រ៊ែងអ្វីទាំងអស់ ។
ចំណែកលោក ម៉ាដូណា វិញ នៅពុំទាន់ឆ្លើយតបអ្វីនៅឡើយទេ លោកកំពុងដើរលេងយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិនៅ អាមេរិក ។ ឆ្លៀតពេលទំនេរលោកចេញសម្តែង និងច្រៀងជូនបងប្អូន ខ្មែរ ទស្សនា និងរាំលេងកម្សាន្ត ។

ទន្ទឹមនិងការប្រកាសបែកបាក់គ្នានេះផងដែរ លោក ហេង ក៏បានបង្ហើបប្រាប់ថា លោកទទួលបានខុនដូ មួយកន្លែងពីលោក ម៉ាដូណា ជាថ្នូលនិងការបែកបាក់គ្នា ។ លោកថាការបែកគ្នានេះគឺចប់ដោយសន្តិវិធី ដោយសារម្នាក់ៗអស់ក្តីស្រឡាញ់រៀងៗខ្លួន ៕