ក្រសួងអប់រំ ណែនាំពីវិធាន​ការ​សុខភាព និងសុវត្ថិភាព ក្នុងដំ​ណើរ​ការប្រឡងបាក់ឌុប

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានណែនាំដល់គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំងបេក្ខជនទាំងអស់ ពីវិធានការសុខភាព និងសុវត្ថិភាពក្នុងអំឡុងពេលនៃដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាព។

ក្នុងសេចក្តីណែនាំ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យផ្សព្វផ្សាយសេចក្តីណែនាំប្រតិបត្តិស្តីពី វិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដល់គណៈមេប្រយោគ និងគណៈកម្មការនានាក្នុង ពេលប្រជុំណែនាំ។

ក្រសួងអប់រំ យុវជន និងកីឡា ក៏នណែនាំទទួលទានដំណេក បរិភោគអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព និងសុខភាព ជាពិសេសត្រូវទទួលទានអាហារពេលព្រឹក ,ប្រកាន់ខ្ជាប់ក្បួនអនាម័យជាប្រចាំ ដូចជាអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ ព្រមទាំងលាងសម្អាតដៃឱ្យបានញឹកញាប់ ត្រៀមសម្ភារៈការពារកម្ដៅថ្ងៃ និងភ្លៀង ដូចជា មួក ឆត្រ ឬអាវភ្លៀង សម្រាប់ប្រើប្រាស់នៅពេលធ្វើដំណើរទៅ និងមកមណ្ឌលប្រឡង ​ជាពិសេស ប្រធានមណ្ឌលប្រឡងត្រូវត្រៀមឆត្រ និងអាវ​ភ្លៀង សម្រាប់បម្រើការងារ ​ក្នុងដំណើរការសំណេរ,​ គោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរទៅ​និងម​កមណ្ឌលប្រឡង ​ដើម្បីចៀសវាងគ្រោះថ្នាក់​កើតឡើងជាយថា​ហេតុ។

ដោយឡែក ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ក្រសួង ណែនាំឲ្យគណៈមេប្រយោគ គណៈកម្មការនានា និងប្រធានមណ្ឌល ត្រូវមានភាព បត់បែន ក្នុងការគ្រប់គ្រងដំណើរការសំណេរ និងរាយការណ៍ជូនគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ។

គួរបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងត្រូវប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី០៨ និងថ្ងៃទី០៩ ខែតុលា ។ ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួនជាង ១៣ម៉ឺននាក់ ក្នុងនោះស្រីជាង ៧ម៉ឺននាក់។  ដោយឡែក មណ្ឌលប្រឡង មានចំនួនសរុប ២៣០ មណ្ឌល ចែកចេញជា៥៥៣៣ បន្ទប់ ៕

អត្ថបទ៖ ពុទ្ធិកា