ឯកឧត្តម ហ៊ុន ម៉ានី៖ ការសម្រេចចិត្តមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ៣៧៤ នាក់ នៃឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២៤។

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតជូនចំពោះ សមាជិក សមាជិកាគណបក្សថ្មីទាំង ៣៧៤រូប ដែលបានចំណាយពេលវេលាមកចូលរួមក្នុងឱកាសនោះ។ ឯកឧត្តមបានចូលរួមអបអរសាទរចំពោះសមាជិក សមាជិកាថ្មី ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្តថា ការសម្រេចចិត្តរបស់បងប្អូន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយហេតុថា ការចូលរួមនេះមិនមែនដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែជាការចូលរួមជាមួយគណបក្សប្រជាជន ដើម្បីបន្តបេសកកម្ម និងបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្រ្តនៃការតស៊ូលះបង់ និងស្នាដៃក្នុងការសម្រេចសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺ រំដោះប្រជាជនចេញ ពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការរួបរួមសាមគ្គី ក្នុងការបន្តចូលរួមផ្លាស់ប្តូរមុខមាត់ របស់ព្រះរាជណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺតែម្តង។

ឯកឧត្តមបានបន្ថែមថាការអភិវឌ្ឍបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអាណាត្តិទី ៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តបេសកកម្ម និងបុព្វហេតុពី សម្តេចតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយជូនប្រជាជនកម្ពុជាគ្រប់រូប៕