សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការបំបែកកំណត់ត្រា​ពិភពលោករបស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally ។

គួរម្លឹកថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅប្រទេសកម្ពុជា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤  បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបានកៀគរថវិកាពីសប្បុរសជនបានចំនួន៤៥ម៉ឺនដុល្លារ ប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរផងដែរ។

ទោះបីជាមានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នា ចំពោះការរៀបចំកម្មវិធីព្រឹត្តិការណ៍ Gum​ball 3000នេះ ប៉ុន្តែសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា  ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា។

ក្នុងនោះរួមមាន (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។

គួរបញ្ជាក់ថា​ យោងតាមលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ធ្លាប់បានឲ្យដឹងថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ ហើយ“កម្ពុជា ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។

ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត៕

អត្ថបទ៖ ពុទ្ធិកា