នាថ្ងៃទី ១១ មេសា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមធំបំផុតមិនធ្លាប់មាន ខណៈដែលសម្ព័ន្ធមិត្តដ៏យូរអង្វែងព្យាយាមប្រឆាំងនឹងការអះអាងរបស់ចិនដែលកំពុងកើនឡើងក្នុងតំបន់។
កងទ័ពដែលមានជិត ១៨ ០០០ នាក់បានកំពុងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ឬ “ស្មាប្រកៀកស្មា” ជាភាសាហ្វីលីពីន ដែលជាលើកដំបូងនឹងរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុង។
សមយុទ្ធយោធាមួយនេះ ធ្វើឡើងបន្ទាប់ពីចិនបញ្ចប់ប្រតិបត្តិការយោធា ៣ថ្ងៃកាលពីថ្ងៃច័ន្ទ នៅជុំវិញកោះតៃវ៉ាន់ និងបានបិទច្រកដែនកោះដែលខ្លួនអះអាងថា ជាផ្នែកមួយនេះប្រទេសចិន។
ដោយឡែក CNA ក៏បានរាយការណ៍បន្ថែមថា សមយុទ្ធយោធា Balikatan នឹងក្លាយជាលើកទីមួយហើយដែលត្រូវបានធ្វើឡើងក្រោមវត្តមានប្រធានាធិបតី Ferdinand Marcos ដែលបានព្យាយាមពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោក Rodrigo Duterte បានបំផ្លាញសម្ព័ន្ធភាពមួយនេះ។
សូមជម្រាបដែរថា សមយុទ្ធយោធាមួយនេះនឹងមានរយៈពេល ២សប្ដាហ៍ ដោយមានការចូលរួមពីកងទ័ពអាមេរិក ១២ ២០០នាក់ កងទ័ពហ្វីលីពីណ ៥ ៤០០នាក់ និងកងទ័ពអូស្ត្រាលី ១០០នាក់ ខណៈចំនួនមួយនេះគឺច្រើនជាងឆ្នាំទៅទ្វេដង៕