តារាចម្រៀង វ័យ ៤២ ឆ្នាំ យក់ ឋិតរដ្ឋា កែច្រមុះពង្រើកដើមទ្រូងបង្កើនរាសី

ដើម្បីទទួលបានឱកាសការងារកាន់តែច្រើនអ្នកម្តាយកូន ៣ យក់ ឋិតរដ្ឋា បានទៅហាងកែសម្ផស្ស ធ្វើខ្ទង់ច្រមុះថ្មី និងពង្រើកដើមទ្រូង បើទោះបីជាពេលនេះនាងមានវ័យ ៤២ ឆ្នាំក្តី នាងនៅតែស្រឡាញ់ខ្លួននិងប្រឹងប្រែងថែរក្សាសម្រស់ឱ្យកាន់តែស្រស់ស្អាត ។

តារាច​​ម្រៀង យក់ ឋិតរដ្ឋា បានឱ្យដឹងថា ឆ្នាំនេះនាងមានវ័យ​៤២ឆ្នាំហើយ ខ្លួនក៏ចាប់ផ្តើមមានអារម្មណ៍ថា ចាស់ជាងមុនច្រើន ប៉ុន្តែសម្រាប់រឿងសម្រស់ គឺនាងមិនអាចបណ្តោយទៅតាមវ័យរបស់ខ្លួនឡើយដូច្នេះហើយទើបនាងកែកុនខ្លះ ដើម្បីទទួលបានហុងស៊ុយល្អផង និង ហ៊ុងស៊ុយការងារផង ។

តារាចម្រៀង យក់ ឋិតរដ្ឋា បានទទួលស្គាល់ថា ខ្លួនចាស់ហើយ ល្មមកែសម្ផស្សចេញខ្លះ តាំងពីនាងកែសម្ផស្សខ្លះៗមក នាងទទួលបានការងារថ្មីៗជាច្រើន ទៅថ្ងៃមុខនាងនិងកែនូវចំណុចខ្វះខាតផ្សេងទៀត ប៉ុ​ន្តែក្នុងពេលនេះនាងមិនទាន់អាចកែទៀតបានឡើយ ដោយសារសុខភាពមិនទាន់សូវល្អ ណាមួយនាងទើបតែកែចម្រុះកាលពីពេលថ្មីៗផង ។ 

ចាប់តាំងពីតារាចម្រៀង យក់ ឋិតរដ្ឋា ចាប់ផ្តើមផ្លាស់ប្តូរខ្លួននឯង នាងកាន់តែស្រស់ស្អាត និងមានយីអ៊ុនល្អជាងពេលមុន ជាក់ស្តែងនាងមិនត្រូវតែទទួលបានការងារជាច្រើនទាំង ចម្រៀង និងថតស្ពត ឬការងារផ្សព្វផ្សាយពីផលិតផលប៉ុណ្ណោះទេ សូម្បីតែកូនរបស់នាងក៏បានឈានជើងចូលក្នុងសិល្បៈផងដែរ នេះជាសមិទ្ធផលធំមួយដែលនាងតែងស្រមៃនិងចង់ឃើញ ។ 

អ្នកនាង យក់ ឋិតរដ្ឋា បានប្រាប់ថា កូនប្រុសរបស់នាងគឺមានសមត្ថភាពខាងចម្រៀង និងតន្រ្តី ពេលនេះនាងនិងគ្រួសារក៏បានបើកផ្លូវសម្រាប់កូនរបស់ខ្លួនផងដែរ ៕