សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានផ្ញើសារជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតីបានសរសេរក្នុងខ្លឹមសារជូនពរថា៖ “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក សូមជួយថែរក្សាប្រោសព្រំសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗទាំងអស់ ព្រមទាំងក្រុមគ្រួសារ ឲ្យសមប្រកបដោយសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច កុំបីឃ្លៀងឃ្លាតឡើយ”។
ថ្ងៃទី០១ ខែតុលានេះ ត្រូវនឹងថ្ងៃអង្គារ ១៤ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤៕
អត្ថបទ៖ អក្ខរា