កញ្ញា អេមមី តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដែលជាកូនស្រីបង្កើតរបស់តារាចម្រៀងលោក ខាន់ ជេមស៌ កំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានចេញបទចម្រៀងថ្មីៗ និងមានអ្នកចូលទស្សនាដល់ទៅរាប់លាននាក់។ ជាក់ស្តែងថ្មីៗនេះ មានអ្នកយកបទចម្រៀងរបស់កញ្ញា ទៅលេង TikTok និងមានអ្នកឱ្យបេះដូងដល់ទៅ ១ លាននាក់ និងអ្នកទស្សនាជាង ១២,៣ លាននាក់ ។
លោក ខាន់ ជេមស៌ ពិតជាមានមោទនភាពចំពោះកញ្ញា អេមមី ដែលជាកូនស្រីណាស់ ត្រឹមតែមួយប្រព្រិចភ្នែក កញ្ញា អេមមី អាចឆក់បានបេះដូងអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស ។ លោក ខាន់ ជេមស៌ ថែមទាំងបាននិយាយទៅកាន់អ្នកគាំទ្រទាំងអស់ថា « Wow ពិតជាអស្ចារ្យមែន.!! បទរបស់កូនស្រី អេមមី « កុំចង់ត្រូវគ្នា » ដែលប្អូនស្រី Mei Mei យកទៅលេងមានអ្នកអោយបេះដូងរហូតទៅដល់ ១លាននាក់ និងអ្នកទស្សនាជាង 12.3 លាននាក់ » ។
ជាមួយនិងមោទនភាពនេះលោក ខាន់ ជេមស៌ ក៏មិនបានពងើយកន្តើយនោះទេ ផ្ទុយទៅវិញលោកនៅតែព្យាយាមនៅពីក្រោយកូនស្រី អេមមី និងពង្រឹងសមត្ថភាពនាងឱ្យកាន់តែខ្លាំងក្លាឡើង ។
កញ្ញា អេមមី គឺជាតារាចម្រៀងពន្លកថ្មីដ៏មានទេពកោសល្យ ត្រឹមតែរយៈពេលខ្លីនាងអាចធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រឡាញ់ពេញចិត្ត ថ្មីៗនេះក៏បានចេញបទចម្រៀងថ្មីៗជាច្រើនទៅតាមការសំណូមពររបស់អ្នកគាំទ្រ ។ កញ្ញា អេមមី សន្យាថា នាងនឹងខិតខំប្រឹងប្រែងផលិតបទចម្រៀងថ្មីៗជាច្រើន ដើម្បីជាកាដូដល់អ្នកគាំទ្រ ៕