អង្គការសហប្រជាជាតិ អរគុណកម្ពុជា ចំពោះការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាព

ក្នុងឱកាសអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

ក្នុងជំនួបនេះ ឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។

ឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជានិងអង្គការសហប្រជាជាតិក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ ឯកឧត្តម សុខ ចិន្តាសោភា បានបង្ហាញក្តីសោមនស្សរីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចចំនួន៤ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា  ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុជាបច្ចុប្បន្ននេះមា ន មោទនភាពដែល បានចូលរួមបញ្ជូនកងកម្លាំងក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះ។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ មកដល់ដើមឆ្នាំ២០២៤ កម្ពុជា បានចូលរួមបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សរុបចំនួនជាង៩០០០នាក់ នៅក្នុងប្រទេសចំនួន១០ ដូចជា សាធារណរដ្ឋស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន សាយប្រឺស ស៊ីរី និងសាធារណរដ្ឋកុងហ្គោ៕

អត្ថបទ៖ ពុទ្ធិកា