ឡានក្រុង«ជិះមិនបង់ប្រាក់» ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ នឹងចាប់ផ្តើមដំណើរការនៅស្អែកនេះ

អនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការរថយន្តក្រុងចំនួន ៦៥៣គ្រឿង ដើម្បីសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដឹកពលរដ្ឋទៅស្រុកកំណើតតាមបណ្តាខេត្តនានា ក្នុងឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិដឹកជញ្ជូនគឺមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ។ រីឯពេលវេលាចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក។ 

សម្រាប់ទីតាំងចេញដំណើរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ៦ទីតាំង រួមមាន ស្ថានីយរថយន្តក្រុងវាលស្បូវ, សា្ថនីយរថយន្តក្រុងចាក់អង្រែលើ,សា្ថនីយរថយន្តក្រុងផ្លូវ២០០៤,ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ,ដីឡូត៍តំបន់OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកាំភ្លើងគួចកាណុង។

គួរបញ្ជាក់ថា ក្នុងចំណោមរថយន្តក្រុងចំនួនជាង៦០០គ្រឿងនេះ គឺសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចំនួន ១០០គ្រឿង ,សម្រាប់សេវាដឹកជញ្ជូនប្រជាពល រដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញចំនួន ៤៩៧គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី ចំនួន ៥៦គ្រឿង ។

អត្ថបទ៖ពុទ្ធិកា