សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ​ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជរដ្ឋាភិបាល​ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការកសាងផ្លូវក្រវាត់ព្រំដែន។

សម្ដេចធិបតីបានគូសបញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដី​ពិត​ប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី​ ការពារព្រៃ​ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាងលើកិច្ចការបោះបង្គោលព្រំដែន។

ទន្ទឹមនេះ សម្ដេចធិបតីក៏បានអរគុណចំពោះវិស័យឯកជន ក៏ដូចជា ​សមាគមសម្ព័ន្ធ​ខ្មែរ-ចិននៅកម្ពុជា​ដែលតែងមានភាពជឿជាក់​ និងទំនុកចិត្ត​ក្នុងការបោះទុនវិនិយោគនៅកម្ពុជា ​ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី​ក៏បានគូសបញ្ជាក់ថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ​។

ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តរក្សានូវសន្ដិភាព, ស្ថិរភាពនយោបាយ និងការបង្កើតនូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងអំណោយផល សម្រាប់វិនិយោគិន។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀតដើម្បីបណ្ដាក់ទុនវិនិយោគនៅតាមបណ្ដាខេត្តជាប់ព្រំដែន, ជាពិសេសខេត្តភាគឦសាន៕