សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិផងដែរ។ សម្តេចតេជោគូសបញ្ជាក់ថា ក្នុងចំណោមយុវជនគោលដៅ១លាន ៥សែននាក់ ដែលនឹងត្រូវជ្រើសរើសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាចនឹងយកពីវិស័យសហគ្រាសធុនតូច និងមធ្យមប្រមាណ ១លាននាក់។
ថ្លែងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ប្រមាណ ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ៧០ម៉ឺនមូលដ្ឋាន ស្មើនឹងជាង ៩០% ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧% ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ពាន់មូលដ្ឋាន។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តណែនាំឱ្យមានផលិតផលកែច្នៃបានក្នុងស្រុកយកទៅផ្គត់ផ្គង់ដល់អ្នកទេសចរផងដែរ។
បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានបង្កើតធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជាសម្រាប់ចូលរួមផ្តល់ការគាំទ្រ និងដាក់ចេញ នូវយន្តការគាំទ្រនានាដល់ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុង ផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យមតាមរយៈគម្រោង ហិរញ្ញប្បទានធំ ២ គឺ ទី១គម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងទី២ គម្រោងសហហិរញ្ញប្បទាន ដែលគិតមកដល់ ខែកញ្ញា ឆ្នាំ២០២២ នេះ ធនាគារបានបញ្ចេញឥណទានសរុបចំនួនជាង៤០០លានដុល្លារអាម៉េរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន៣០៨៥។ ចំពោះវិធានការផ្នែកពន្ធដារ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និងបទប្បញ្ញតិសម្រាប់លើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត និងដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។
ជាមួយគ្នានោះ សម្រាប់វិធានការផ្នែកគយ រាជរដ្ឋាភិបាលបានរៀបចំ គោលនយោបាយពន្ធអាករ និងយន្តការលើកទឹកចិត្តផ្នែកគយ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សម្តេចតេជោបន្តទៀតថា រាជរដ្ឋាភិបាលបាន និងកំពុងខិតខំលើកកម្ពស់ ប្រសិទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលជាតិចុះបញ្ជីអាជីវកម្មតាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធដារតាមអនឡាញជាដើម៕