ឃើញសមិទ្ធផលកូនស្រីផ្ទុះ MM Views តារាចម្រៀង ខាន់ ជេមស៌ចេញសារថ្លែងអំណរគុណដល់អ្នកគាំទ្រ !  

មួយរយៈពេលចុងក្រោយនេះបទចម្រៀងរបស់តារាចម្រៀងវ័យក្មេងកញ្ញា  Amie ដែលកូនស្រីរបស់តារាចម្រៀងលោក ខាន់ ជេមស៌ ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន ជាក់ស្តែងវិដេអូដែលនាងបង្ហោះគឺមានចំនួន MM Views តែម្តង ដែលនេះជាសមិទ្ធផលធំមួយដែលធ្វើឱ្យលោក ខាន់ ជេមស៌ ជាឪពុក សប្បាយចិត្ត និងបានផ្ញើសារថ្លែងអំណរគុណដល់អ្នកគាំទ្រ ។ 

តារាចម្រៀងលោក ខាន់ ជេមស៌ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​នេះ អមដោយក្តីរំភើបចិត្តថា « Wow! វីដេអូមួយៗ Views 1M ៗ តែម្ដង កូនពិតជាធ្វើបានល្អណាស់ ប៉ា ពិតជាសប្បាយចិត្តនិងមានមោទនភាពបំផុតដែលកូនស្រីចេះស្ដាប់តាមគន្លងធម៌និងដំបូន្មានរបស់ ប៉ាម៉ាក់ »។

ទន្ទឹមនិងការកោតសរសើរលើសមត្ថភាពកូនស្រី តារាចម្រៀងលោក ខាន់ ជេមស៌ ក៏បានថ្លៃអំណរគុណដល់បងប្អូនដែលបានចូលរួមគាំទ្រ និង ចូលចិត្តទស្សនាវិដេអូ និង ស្តាប់បចម្រៀងរបស់កូនស្រីលោក និង បទចម្រៀងរបស់លោក ។ 

លោក ខាន់ ជេមស៌ និងកញ្ញា Amie គឺជាតារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បទចម្រៀងអ្នកទាំងពីរមានការចាប់អារម្មណ៍ច្រើនពីសំណាក់ទស្សនិកជននាពេលចុងក្រោយនេះ ជាក់ស្តែងរាល់បទចម្រៀងរបស់លោកនិងកូនស្រីចេញម្តងៗមានចំនួនអ្នកចូលទស្សនារហូតដល់ទៅរាប់លានដង ដែលនេះជាសមិទ្ធផលថ្មីមួយសម្រាប់លោក និងកូនស្រី ៕