សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមកម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» នៅវត្តគល់ទទឹង ពីថ្ងៃទី២៨-២៩កញ្ញា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវលើបណ្តាញសង្គមឲ្យប្រជាពលរដ្ឋចូលរួមកម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» នៅវត្តគល់ទទឹង ពីថ្ងៃទី២៨-២៩ ខែកញ្ញា។​

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី បានលើកឡើងថា៖ “ចូលរួមចំណែកទាំងអស់គ្នា ដើម្បីរក្សាវប្បធម៌ដ៏មានតម្លៃរបស់ជាតិយើង ដើម្បីក្លាយជាអ្នកបន្តវេណ រក្សាតម្លៃដ៏ពិសិដ្ឋ ដែលដូនតាយើងបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ”។

គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំកម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» រយៈពេល​២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែកញ្ញា ចាប់ពីម៉ោង ៨:៣០នាទីព្រឹកតទៅ នៅក្នុងបរិវេណវត្ត​និគ្រោធវ័ន ឬវត្តគល់ទទឹង ដែលស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» រៀបចំឡើងដើម្បីចូលរួមចំណែក ថែរក្សាទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អផូរផង់របស់ដូនតាខ្មែរ ជាមួយនឹងកម្មវិធីអមជាច្រើនទៀតដូចជា ការរៀនបត់​ផ្កាឈូក ក្រងផ្កាម្លិះ ការសម្តែងចាប៉ីដងវែង ស្មូត្រកំណាព្យ ចូលរួមបណ្តែតប្រទីប និងការ​ស្វែងយល់​បន្ថែមអំពី​សង្ឃសព្ទជាដើម។

សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះ​នឹងក្លាយជាវេទិកាជួបជុំញាតិមិត្ត​ដោយស្នាមញញឹម និងដើម្បីស្វែងយល់អំពីរបៀបនៃការវេចនំ អន្សមរបស់ខ្មែរ ក្នុងការចូលរួមថែរក្សា​ទំនៀមទម្លាប់ ប្រពៃណីតាំងពីយូរលង់ណាស់មកហើយ៕