ឆាប់ៗខាងមុខនេះតារាសម្តែង ពេជ្រ ចរណៃ ត្រៀមនឹងបញ្ចេញថ្វីដៃគុនល្បុក្កតោក្នុងកម្មវិធីធំៗចំនួនពីរ ដូចជាការចូលរួមបង្ហាញក្នុងព្រឹត្តិការណ៍មហោស្រពបុរាណ និង ចូលរួមប្រកួតគុនចម្រុះដណ្តើមពានរង្វាន់ថ្នាក់ជាតិផងដែរ ។
ដូចមហាជនបានដឹងស្រាប់ហើយថា ក្រៅពីអាជីពសម្តែង កញ្ញា ពេជ្រ ចរណៃ ក៏ជាគ្រូខាងគុនល្បុក្កតោល្បីឈ្មោះមួយដែលទទួលបានការសរសើរនិងការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស ។ សម្រាប់ មហោស្រពបុរាណខ្មែរ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៨ និង ២៩ ខែ កញ្ញា នេះ កញ្ញា ពេជ្រ ចរណៃ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបង្ហាញក្បាច់គុនល្បុក្កតោរួមជាមួយកូនសិស្សរបស់ខ្លួន ។
ក្នុងអំឡុងពេលហាត់សមសម្រាប់ត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ មហោស្រពបុរាណខ្មែរ នោះ ពេជ្រ ចរណៃ និង កូនសិស្សរបស់ខ្លួនក៏មានការភ្លាត់ស្នៀតខ្លះៗដែរ ប៉ុន្តែនាងប្តេជ្ញាចិត្តធ្វើឱ្យបានល្អសម្រាប់ការសម្តែងដ៏ធំមួយនេះ ។
ក្រៅពីត្រៀមខ្លួនចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍មហោស្រពក្នុងឆ្នាំនេះ ពេជ្រ ចរណៃ ក៏ត្រៀមខ្លួនដើម្បីចូលរួមប្រកួតគុនចម្រុះដណ្តើមពានរង្វាន់ថ្នាក់ជាតិផងដែរនៅក្នុងអំឡុងខែ តុលា ។
ទោះបីជាពេលនេះសុខភាពរបស់នាងមិនល្អ ប៉ុន្តែនាងមិនបោះបង់ចោលនូវការងារដែលខ្លួនស្រឡាញ់ចោលឡើយ នាងនៅតែប្រឹងប្រែងពង្រឹងស្នាដៃខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ។
ថ្វីដ្បិតតែមមាញឹកនៅក្នុងការងារគុនល្បុក្កតោ តែ កញ្ញា ពេជ្រ ចរណៃ មិនបានបោះបង់អាជីពសម្តែងចោលឡើយ ដោយនាងបានប្រាប់ថា ការងារសម្តែងនាងនៅតែទទួលថតដូចមុន គ្រាន់តែពេលនេះនាងមិនទទួលថតរឿងភាគឬរឿងណាដែលចេញទៅថតនៅខេត្តឆ្ងាយៗ ៕