ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យថា អឺរ៉ុបមិនគួរគាំទ្រដល់អាមេរិក ឬចិន ចំពោះបញ្ហាកោះតៃវ៉ាន់នោះទេ ដ្បិតវិបត្តិមួយនេះ គឺមិនពាក់ព័ន្ធនឹងសហភាពអឺរ៉ុបឡើយ។
“អ្វីដែលអាក្រក់បំផុតគឺការគិតថា យើងជាជនជាតិអឺរ៉ុបត្រូវតែជាអ្នកដើរតាម ហើយសម្របខ្លួនយើងទៅនឹងចង្វាក់អាមេរិក និងប្រតិកម្មហួសហេតុរបស់ចិន”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីបារាំងបាននិយាយទៅកាន់សារព័ត៌មាន Les Echos និង Politico។
ថ្នាក់ដឹកនាំកំពូលរូបនេះក៏បានបន្ថែមទៀតថា អឺរ៉ុបមិនគួរលូកដៃក្នុងបញ្ហារវាងតំបន់ និងតំបន់ និងយកកទៅលអន្ទាក់ជាមួយនឹងវិបត្តិដែលមិនមែនជារបស់ពួកគេនោះឡើយ។
គួររំលឹកដែរថា សម្រាប់ដំណើរទស្សនកិច្ច ៣ថ្ងៃទៅចិន លោកម៉ាក្រុងក៏បានពិភាក្សាបញ្ហាកោះតៃវ៉ាន់ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីងផងដែរ ដោយបានបង្ហាញក្ដីបារម្ភថា ស្ថានការណ៍ដែលកំពុងតានតឹងមួយនេះ អាចបង្កទៅជាវិបត្តិកាន់តែធំធេង។
សូមជម្រាបបន្ថែមថា កន្លងមកអាមេរិកតែងតែលូកដៃជាញយដងចំពោះបញ្ហារវាងចិន និងតៃវ៉ាន់ដូចជាដំណើរទស្សនកិច្ចរបស់អតីតប្រធានសភា Nancy Pelosi និងជំនួបរវាងប្រធានសភាថ្មី Kevin McCarthy ជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នាពេលថ្មីៗនេះ បានធ្វើឲ្យចិនខឹងសម្បារជាខ្លាំង ដ្បិតពួកគេតែងតែព្រមានច្រើនលើកច្រើនសារទៅកាន់អាមេរិក កុំឲ្យលូកដៃក្នុងបញ្ហាមួយនេះ៕