ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅថ្ងៃប្រារព្ធខួបទី៣១ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ដើម្បីឱ្យព្រះរាជពិធីសម្ពោធនៅព្រឹកនេះប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក និងកំណាត់មហាវិថីព្រះនរោត្តម ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤ ចាប់ពីវេលាម៉ោង៥ព្រឹក រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។
រដ្ឋបាលរាជធានីភ្នំពេញ ក៏សុំការយោគយល់អធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋ និងសុំបញ្ចៀស ការធ្វើដំណើរឆ្លងកាត់តាមកំណាត់មហាវិថីនៅតំបន់ជុំវិញវិមានឯករាជ្យ ដោយក្ដីអនុគ្រោះ។
គួរបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ មានទីតាំងស្ថិតនៅ សួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ វិមានរដ្ឋធម្មនុញ្ញ កសាងពីសំរឹទ្ធ ស្ពាន់ ថ្មភក់ និងប្រើប្រាស់ត្រីសូល៍កំពូល ៩ យកតាមគំរូស្ថាបត្យកម្មខ្មែរសម័យអង្គរ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម៕