កំណាត់ផ្លូវបេតុងប្របមាត់ប្រឡាយស្ទឹងមានជ័យ ប្រវែងជាង១០០ម៉ែត្រ បានបាក់ស្រុតតួផ្លូវ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ចំណុចបាក់ស្រុតនោះ ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
មូលហេតុនៃការបាក់ស្រុត ត្រូវបានអាជ្ញាធរអះអាងថា កើតឡើងដោយសារ មានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ បានធ្វើឲ្យដីទន់ជ្រាលបាក់ស្រុតតែម្តង។
ក្រោយចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់វិធានការទប់ស្កាត់បណ្តោះអាសន្នកុំឲ្យបាក់បន្ត បញ្ចៀសហានិភ័យដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងជំនាញសហការជាមួយអាជ្ញាធរ តម្លើងផ្លាកសញ្ញាចរាចរណ៍ បិទកំណាត់បាក់ស្រុត ដើម្បីគ្រឿងចក្រចុះជួសជុលបឋមជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា កំណាត់ផ្លូវបេតុងដែលបាក់ស្រុត មាន ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ៕
អត្ថបទ៖ ពុទ្ធិកា