អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍គូសបញ្ជាក់ពីការនៅតែបន្តខិតខំពង្រឹងប្រសិទ្ធភាពក្នុងការបញ្ហាដឹកនាំដល់កងកម្លាំងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់នៃអគ្គាធិការដ្ឋានទាំងអស់ សំដៅម្ចាស់ការគ្រប់គ្រងកម្លាំងក្រោមឱវាទឱ្យបាន ត្រឹមត្រូវ និងហ្មត់ចត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងវិន័យ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងដាក់ចេញនូវ វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពទាំងឡាយ ដែលបង្កឡើង ដោយក្រុមប្រឆាំងជ្រុលនិយម។
ការគូសបញ្ជាក់ជាថ្មីនេះ បន្ទាប់ពីក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្ដាប់តូចដែលមានមូលដ្ឋាននៅក្រៅប្រទេសនៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឱ្យមានចលាចលញុះញង់ ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលក្នុងគោលបំណងបង្កឱ្យមាន អសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ និង ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសុខសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ។
ដូច្នេះដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់សកម្មភាព ឧបាយកលប្រឆាំង និងដក ឧបករណ៍នយោបាយចេញពីក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្ដាប់តូចដែលមានមូលដ្ឋាននៅក្រៅប្រទេស សម្ដេចតេជោ និងសម្តេចធិបតី បានរួមសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ដើម្បីកុំឱ្យពួកជ្រុលនិយមមាន លទ្ធភាពប្រើប្រាស់ (CLV-DTA) ជាមធ្យោបាយមួលបង្កាច់ វាយប្រហារចំពោះរាជរដ្ឋាភិបាល ភូតកុហកឥត ឈប់ឈរចំពោះប្រជាជន ដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដោយចោទប្រកាន់ថា រាជរដ្ឋា- ភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេស ។
អគ្គាធិការដ្ឋាន ក៏បានគាំទ្រការសម្រេចចិត្តបញ្ចប់ការចូលរួមរបស់កម្ពុជាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលជាទករណ៍យ៉ាងច្បាស់ថា សម្ដេចតេជោ រួមជាមួយ រាជរដ្ឋភិបាល កម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះមតិយោបល់ និងកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាទឹកដី ព្រមទាំងបានបញ្ចប់នូវឧបាយកលរបស់ពួកជ្រុលនិយមកុំឱ្យមានលទ្ធភាពប្រើប្រាស់ប្រធានបទ “CLV-DTA”
ធ្វើជាឧបករណ៍នយោបាយក្នុងការបំផ្លាញសុខសន្តិភាពរបស់កម្ពុជា តទៅទៀត៕