សម្តេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញពួកជ្រុលនិយមលើកពី CLMV ដែលចង់ឲ្យកម្ពុជាដកខ្លួនចេញទៀត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តែងការហួសចិត្តនៅពេលឃើញពួកជ្រុលនិយមលើកពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងកម្ពុជា ឡាវ ភូមា និងវៀតណាម (CLMV) ដែលចង់ឲ្យកម្ពុជាដកខ្លួនចេញទៀត។

សម្តេចតេជោបានលើកឡើងថា បើទោះ CLV-DTA ត្រូវបានលុបចោលតែយើងមិនបានផ្តាច់ទំនាក់ការទូតជាមួយវៀតណាម ឬឡាវទេ។ កិច្ចសហការទ្វេភាគី និងពហុភាគីនៅតែបន្តដែលនេះជា តម្រូវការរបស់ប្រទេសដែលមានព្រំដែនជាមួយគ្នាដែលត្រូវកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពសហប្រត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោ បានបន្តថា “ថ្ងៃនេះខ្ញុំក៏ឃើញពួកជ្រុលនិយមលើកពី CLMV ដែលចង់ឲ្យកម្ពុជាដកខ្លួនចេញទៀត។ ខ្ញុំពិតជាមានការអៀនខ្មាសណាស់នៅពេលឃើញជនជាតិខ្មែរមួយចំនួនល្ងង់បែបនេះ”។

បើតាមសម្តេចតេជោ រឿងកម្ពុជា ឡាវ ម៉ៃយ៉ាន់ម៉ា វៀតណាមឬហៅកាត់ថា CLMV បានកើតឡើងនៅឆ្នាំ២០០០ ពេលសឹង្ហបុរីជាប្រធានអាស៊ានដែលបានដាក់ចេញសមាហរណ្ណកម្មកាត់បន្ថយគម្លាតអាស៊ាន ដែលអាស៊ានចាស់៦ ដែលជាប្រទេសជឿនលឿនមានឥណ្ឌូណេស៊ី ម៉ាឡេសុី ប្រុយណេ ថៃ ហ្វីលីពីន សង្ហបុរីរកវិធីជួយប្រទេសអាស៊ានថ្មី៤ ដែលក្រីក្រដែលនៅតាមដងទន្លេមេគង្គជាមួយគ្នាមានកម្ពុជា ឡាវ ម៉ៃយ៉ានម៉ា វៀតណាម។ ប្រទេសដៃគូរអាស៊ានក៏បានចូលរួមដូចជា ចិនឡាងឆាង មេគង្គ ជប៉ុនមេគង្គកូរ៉េមេគង្គ អាមេរិក មេគង្គ។ល៕