ស្ថានការណ៍ចិន-តៃវ៉ាន់កាន់តែតឹងតែង ក្រោយជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាអាមេរិក

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានចូលជួបជាមួយប្រធានសភា​អាមេរិក Kevin McCarthy អំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដែលធ្វើឲ្យភាគី​ចិនមានការខឹងសម្បារជាខ្លាំង។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា នាវាចំបាំងចិន ៣ បានបើកក្រវែលៗកោះតៃវ៉ាន់ ខណៈយន្តហោះចំបាំងជាច្រើនគ្រឿង ក៏បើកចូលដែនអាកាសរបស់តៃវ៉ាន់ថែមទៀត។

តួយ៉ាងកាលពីថ្ងៃពុធ នាវាផ្ទុកយន្តហោះ Shandong របស់ចិន ដែលជានាវាមួយក្នុងចំណោមពីរនៅក្នុងកងនាវាជើងទឹករបស់ខ្លួន បានធ្វើដំណើរឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍របស់តៃវ៉ាន់ ក្នុងដំណើរឆ្ពោះទៅកាន់ប៉ាស៊ីហ្វិកខាងលិច ប៉ុន្មានម៉ោងមុនពេល Tsai បានជួប McCarthy នៅ Los Angeles ។

គួររំលឹកដែរថា កន្លងមករដ្ឋាភិបាលក្រុងប៉េកាំង​ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃ​ប្រទេស​របស់ខ្លួន បានព្រមានជាញយដងចំពោះកិច្ចសំណេះសំណាល​រវាង​ប្រធានាធិបតីតៃវ៉ាន់ និង​ប្រធានសភាអាមេរិក ដោយសង្កត់ធ្ងន់ថា ពួកគេនឹងចាត់ចំណាត់ការ​ធ្ងន់ ដើម្បីការពារបូរណភាព​ទឹកដីរបស់ខ្លួន។

សូមជម្រាបដែរថា ការគម្រាមសារនេះពីចិន គឺវាមានភាពធូរស្រាលជាងលើកមុន ប៉ុន្តែវានៅតែ​ធ្វើឲ្យតៃវ៉ាន់​ស្ថិតក្នុងសភាព​ប្រុងប្រយ័ត្នដដែល៕