សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ដែលត្រូវប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បន្ទាប់ពីរដ្ឋសភានៃកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលទាំង ២រូប ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាបោះឆ្នោតគាំទ្រ១០៦/១០៦។
តើរដ្ឋមន្ត្រីទាំងពីររូប គឺឯកឧត្តម សុខ សូកេន ដែលជាកូនប្រុសរបស់ សម្តេចវិបុលបញ្ញា សុខ អាន និងឯកឧត្តម ហួត ហាក់ មានសមត្ថភាពអ្វីពិសេស ទើបត្រូវបានរាជរដ្ឋាភិបាលសម្រេចបានផ្ទេរក្រសួងគ្នាកាន់ដូច្នេះ?
ឯកឧត្តម ហួត ហាក់ ជាសមាសភាពរដ្ឋមន្រ្តីថ្មីមួយរូបក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងឱ្យកាន់តំណែងជាជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដែមានឈ្មោះដើម ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជំនួសសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
ឯកឧត្តម ហួត ហាក់ បានប្រឡូកក្នុងវិស័យអធិការកិច្ចនេះប្រមាណជាង ៣០ឆ្នាំមកហើយ តាំងពីតួនាទីជាមន្រ្តីធម្មតា ជាប្រធានការិយាល័យ ជាប្រធាននាយកដ្ឋាន ជាអនុរដ្ឋលេខាធិការ រយៈពេល១០ឆ្នាំ និងជារដ្ឋលេខាធិការទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួងអធិការកិច្ចនេះ។
រដ្ឋមន្ត្រីវ័យជាង ៥០ឆ្នាំរូបនេះ ក៏មានបទពិសោធលើការងារជំនាញផ្សេងៗជាច្រើនផងដែរ ជាអាទិ៍ ជាសាស្រ្តាចារ្យច្បាប់ និពន្ធនាយកសារព័ត៌មាន អ្នករដ្ឋបាល អ្នកច្បាប់ និងជំនាញការទូត។ ចំពោះការសិក្សាអប់រំ ឯកឧត្តម ហួត ហាក់ ទទួលបានការអប់រំបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ខណៈឯកឧត្តមអាចប្រើប្រាស់ភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។
ដោយឡែក ឯកឧត្តម សុខ សូកេន ជាកូនទី៣ ក្នុងចំណោមកូន៥នាក់ របស់សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយឯកឧត្តម សុខ សូកេន ជាកូនប្រុសភ្លោះ ជាមួយនឹងឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រដ្ឋមន្ត្រីថ្មីវ័យ៤១ឆ្នាំ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ទទួលបានការអប់រំបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមានបទពិសោធន៍ការងារយ៉ាងក្រាស់ក្រែល។
ឯកឧត្តមបានសិក្សាថ្នាក់បរិញ្ញាបត្រវិស្វកម្មស៊ីវិល និងបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី, ទទួលស្គាល់លើជំនាញអភិវឌ្ឍអចនលទ្រព្យ និងវិញ្ញាបនបត្រការគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ THOMAS សហរដ្ឋអាមេរិក, ទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈនៅសាលាលីក្វាន់យូនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងបញ្ចប់ថ្នាក់បណ្ឌិត នៅសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំងប្រទេសចិន។
ឯកឧត្តម សុខ សូកេន បានឆ្លងកាត់ការងារជាច្រើន ដូចជាក្រសួងពាណិជ្ជកម្ម ជាមន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជានាយកស្ដីទីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។ ធ្លាប់បម្រើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាននាយកដ្ឋានវិភាគគម្រោង និងលើកទឹកចិត្ត និងជាអនុប្រធាននាយករដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជក។ មុនត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តឲ្យកាន់តំណែងខ្ពស់ថ្នាក់រដ្ឋមន្ត្រី ឯកឧត្តមជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
អត្ថបទ៖ អក្ខរា