ម្ចាស់ Camcar Collection លោក ឡយ ភាល័យ កំពុងបន្តតាមផ្តិតព្រឹត្តិការណ៍ Gumball 3000។ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបានធ្វើដំណើរទៅដល់ម៉ាឡេស៊ីហើយ ដើម្បីស្កាត់ចាំក្បូនប្រតិភូ Gumball3000 ដែលនឹងធ្វើដំណើរពីប្រទេសថៃ មកប្រទេសម៉ាឡេស៊ី ហើយនឹងបញ្ចប់នៅប្រទេសសិង្ហបុរី។
ពីប្រទេសម៉ាស៊ី អ្នក review ឡានដ៏ល្បីរូបនេះ បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានតាមដានការផ្សាយផ្ទាល់ពីបេសកកម្មរបស់លោក ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា បញ្ចប់ទៅដោយភាពរីករាយ ការចងចាំល្អៗ ទទួលបានការសាទរពីប្រជាជនកម្ពុជា និងការគាំទ្រពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ពិសេសគឺការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលកម្ពុជាផ្ទាល់តែម្តង។
គួរបញ្ជាក់ថា ប្រតិភូ Gumball 3000 បានធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញនៃប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ឆ្ពោះមកកាន់ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ បន្ទាប់ពីធ្វើដំណើរចាកចេញពីខេត្តសៀមរាប គណៈប្រតិភូ Gumball 3000 បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសថៃ មុនបន្តឆ្លងកាត់ប្រទេសម៉ាឡេស៊ី ហើយនឹងបញ្ចប់ នៅប្រទេសសិង្ហបុរី។
Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស Maximillion Cooper Gumball 3000 ដែលជាការប្រមូលផ្តុំរថយន្ត និងនាំយករថយន្តទំនើបៗ រាប់ពាន់គ្រឿង ដោយធ្វើដំណើរជុំវិញពិភពលោក ដើម្បីបង្កើតបទពិសោធន៍បញ្ជីដ៏អស្ចារ្យបំផុតមួយ៕
អត្ថបទ៖ អក្ខរា