សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បានបន្តកើនឡើងជារៀងរាល់ឆ្នាំមិនថានៅក្នុងបរិបទកូវីដ-១៩ឬក៏វិបត្តិសេដ្ឋកិច្ចសកលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តែងបានគិតគូរជាប់ជាប្រចាំដល់សុខទុក្ខបងប្អូនកម្មករ-និយោជិតជានិច្ច ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាប្រាក់ឈ្នួលអប្បបរមានៅប្រទេសដទៃ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន មានភាពនឹងថ្កល់ ឬត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសកលក្តី ក៏កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ មិនថាតិចក្តី ច្រើនក្តី ដែលនេះ ជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនកម្មករ-និយោជិត ។
សូមជម្រាបថា ចាប់ពីខែមករា ឆ្នាំ២០២៥នេះតទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ ដោយ ២ដុល្លារ ស្របតាមលទ្ធផលនៃបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និង ២ដុល្លារទៀត ជាការសម្រេចផ្តល់ជូនបន្ថែមដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ អក្ខរា