ពេជ្រ សោភា ស្រកគីឡូខ្លាំងដល់ថ្នាក់អ្នកគាំទ្រលាន់មាត់បែបនេះ ! 

មួយរយៈពេលចុងក្រោយនេះតារាចម្រៀង ពេជ្រ សោភា បានស្រកគីឡូខ្លាំង សូម្បីតែរូបរាងរបស់នាងក៏ប្រែទៅជាស្គមឃើញសល់តែឆ្អឹង រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងកំពុងមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ ។ 

ពេជ្រ សោភា បានលេចមុខនៅក្នុងពិធីសម្ពោធរឿង « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ កាលពីពេលថ្មីៗនៅផ្សារទំនើប AEON 3 នៅក្នុងថ្ងៃនោះនាងបានធ្វើឱ្យអ្នកជុំវិញខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងរូបរាង និង សម្រស់របស់នាង សូម្បីតែមិត្តភក្តិសិល្បៈក៏មានការភ្ញាក់ផ្អើលផងដែរ ។ ដោយឡែកអ្នកគាំទ្រជាច្រើននៅពេលដែលបានជួបជាមួយ ពេជ្រ សោភា ផ្ទាល់បាននិយាយថា ពេជ្រ សោភា ពិតជាស្គម និងស្រកគីឡូខ្លាំងណាស់ នាងមានបញ្ហាអ្វី ទើបស្រកគីឡូបែបនេះ ? សង្ស័យនាងមានបញ្ហាផ្លូវចិត្តទេដឹង ? 

ទន្ទឹមនិងការចោលសួរ និងមានចម្ងល់បែបនេះ ពេជ្រ សោភា ហាក់មិនចាប់អារម្មណ៍ពីសម្តីអ្នកជុំវិញខ្លួនឡើយ ផ្ទុយទៅវិញនាងអង្គុយធម្មតា និងនិយាយទៅកាន់មិត្តភក្តិក្បែរខ្លួនយ៉ាងសាមញ្ញបំផុត ។ ពេជ្រ សោភា និយាយថា នាងស្រឡាញ់រូបរាងរបស់ខ្លួនដូចសព្វថ្ងៃនេះ ទោះនរណាមិនពេញចិត្តអ្វីនាងមិនខ្វល់ដែរ សំខាន់នាងគិតថា ខ្លួនស្អាតគ្រប់គ្រាន់ហើយ ។ 

ពេជ្រ សោភា បានបន្ថែមថា នាងពុំមានជំងឺអ្វីទាំងអស់ មូលហេតុដែលនាងស្គមនិងមានរូបរាងស្រឡូន គឺដោយសារចិត្តរបស់នាងចង់បានរូបរាងបែបនេះ ។ 

ប៉ុន្មានខែចុងក្រោយនេះ ពេជ្រ សោភា ខំប្រឹងសម្រកគីឡូខ្លាំងដោយការហាត់ប្រាណផង និងតបអាហារផង ដោយសារនាងគឺជា BA ផលិតផលសម្រករាងមួយប្រភេទ ដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា ។​ ជាមួយនិងលទ្ធផលនៃការខំប្រឹងសម្រករាងរបស់នាង កាន់តែធ្វើឱ្យនាងមានការជឿជាក់លើរូបរាងដ៏តូចស្រឡូនរបស់ខ្លួនខ្លាំងណាស់ ៕