រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដឹកប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្តក្រុងចំនួន៦៥៣គ្រឿងនេះ គឺសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចំនួន ១០០គ្រឿង ,សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញចំនួន ៤៩៧គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន រួមមាន ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី ចំនួន ៥៦គ្រឿង ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់ម៉ោងចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក។ រីឯ ទីតាំងចេញដំណើរ មាន៦ទីតាំង រួមមាន ស្ថានីយរថយន្តក្រុងវាលស្បូវ, សា្ថនីយរថយន្តក្រុងចាក់អង្រែលើ,សា្ថនីយរថយន្តក្រុងផ្លូវ២០០៤,ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ,ដីឡូត៍តំបន់OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធ ដោយឥតគិតថ្លៃ តាមគោលដៅចេញដំណើរផងដែរ។ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល កុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា រៀងរាល់ពិធីបុណ្យធំៗនៅក្នុងប្រទេសកម្ពុជាម្តងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិជាដើម រដ្ឋាភិបាល តែងតែបញ្ចេញរថយន្ត សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ។ ការផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ៕
អត្ថបទ៖ ពុទ្ធិកា