ប្រកាន់ឈ្មោះថាជា Single Mum អតីតតារាសម្តែង វ៉ាង ស្រីណូ រំភើបចិត្តឥតឧបមាបន្ទាប់ពីសម្រាលបានកូនស្រីម្នាក់កាលពីប៉ុន្មានថ្ងៃមុនប្រកបដោយសុវត្ថិភាព ទោះបីជាជីវិតនាងគ្មានដៃគូឬស្វាមីនិងគេ ប៉ុន្តែកូនស្រីម្នាក់នេះគឺជាចំណងដៃធំបំផុតសម្រាប់នាងក្នុងជីវិត ។
អតីតតារាសិចស៊ី វ៉ាង ស្រីណូ មិនខ្វល់ពីពាក្យសម្តីដែលមហាជនមួយចំនួនបាននិយាយថាចំអន ឬ មិនជឿថាកូនរបស់នាងគឺជាកូនដែលកើតចេញពីការបញ្ចូលមេជីវិតឡើយ ផ្ទុយទៅវិញនាងបែរជារីករាយជាមួយជីវិតថ្មីមួយនេះ ។ មើលទៅមុខកូនស្រី វ៉ាង ស្រីណូ ពិតជាស្រស់ស្អាតនិងកាត់បរទេសយ៉ាងពិតប្រាកដ ។
បន្ទាប់ពីសម្រាលកូនស្រីរួច វ៉ាង ស្រីណូ នៅពុំទាន់មានគម្រោងនឹងហោះទៅ អាមេរិក វិញនៅឡើយទេ ដោយនាងចង់ថែសុខភាពនៅក្នុងប្រទេស កម្ពុជា ឱ្យរឹងមាំសិន ។ ទៅថ្ងៃមុខ វ៉ាង ស្រីណូ មានគម្រោងនឹងយកកូនជាបន្តទៀតដោយការចាក់បញ្ចូលមេជីវិតដូចជាកូនស្រីដំបូងដែរ ប៉ុន្តែសម្រាប់ពេលវេលាច្បាស់នៃការយកកូនទី២នេះ វ៉ាង ស្រីណូ នៅពុំទាន់ដឹងច្បាស់នៅឡើយទេ ដោយសារពេលនេះនាងនៅសរសៃខ្ចី ត្រូវមើលថែទាំសុខភាពខ្លួនឯង និងកូនស្រីឱ្យរឹងមាំជាមុនសិន ។
សិល្បករសិល្បការិនីជាច្រើនបានផ្ញើសារជូនពរ វ៉ាង ស្រីណូ និងកូនស្រីឱ្យមានសុភាពល្អ ។ វ៉ាង ស្រីណូ មិនមានគម្រោងនឹងវិលត្រឡប់មកសន្សំប្រាក់កាក់ល្អិតក្នុងវិស័យសិល្បៈឡើងវិញឡើយ ដោយសារនាងមានមុខរបររកស៊ីជាច្រើននៅក្នុងដៃ ក្នុងនោះក៏មានមុខជំនួញនៅ សហរដ្ឋអាមេរិក ផងដែរ ៕