សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី​ភាព​ក្នុងពិធី​អភិសេ​កព្រះបដិមា និងបួងសួងសុំ​សេចក្តីសុ​ខ នៅសារមន្ទីរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ​ ព្រមទាំងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ជាតិ និងប្រជាជនកម្ពុជា នៅសារមន្ទីរជាតិ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីអភិសេកព្រះបដិមាដែនេះក៏មានការចូលរួម ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មកពីក្រសួង ស្ថាប័ន រដ្ឋនានាជាច្រើនរូបទៀតផងដែរ។

កាលពីថ្ងៃទី២២ សីហា កន្លងទៅ កម្ពុជាបានរៀបចំពិធីទទួលវត្ថុវបុរាណខ្មែរ ចំនួន​ ៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ។ វត្ថុបុរាណទាំងនោះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ វត្ថុសិល្បៈខ្មែរ សរុបចំនួន ១០៩៨ វត្ថុ ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា ។ ហើយការប្រគល់ត្រលប់នេះ គឺពីប្រទេសចំនួន១៥ ដូចជា សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ណ័រវេស និងចិន ជាដើម។

អត្ថបទ៖ ពុទ្ធិកា