ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចេញសេចក្តីបំភ្លឺឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ។
អ្នកនាំពាក្យរបស់ក្រសួងការបរទេស បានឲ្យដឹងថាតាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទការិយាល័យ ស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែតនៅ ទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថាន កុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុល ដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។
បើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេស, ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាលកន្លង មកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ការបើក ការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣ ការបើក ការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលី ក្នុងខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤៕