រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យឯកឧត្តម ស សុខា។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនគរបាល ចំនួន៤វគ្គ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាគ្រប់ថ្នាក់ បន្តបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ និងបន្តទប់ស្កាត់ផែនការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ក្រុមប្រឆាំងជ្រុលនិយម រួមទាំងការបង្កអសន្តិសុខដើម្បីជាឈ្នាន់ឡើងកាន់អំណាចតាមវិធីក្រៅច្បាប់។

គួរឲ្យដឹងថា បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ត្រាំ នៅថ្ងៃទី១៦ ខែកញ្ញា ត្រូវបានរងការលួចធ្វើឃាតជាលើកទី២លើរូបលោក ខណៈរូបលោកកំពុងវាយកូនហ្គោលនៅតំបន់ West Palm Beach រដ្ឋ Florida ដែល ជនសង្ស័យ​ប្រុងធ្វើសកម្មភាពនោះ​ឋិតនៅមិនឆ្ងាយប៉ុន្មានពីលោក ត្រាំ។

កាលពី ២ខែមុន លោក ត្រាំត្រូវរងរបួស​ដាច់ស្លឹកត្រចៀក តែលើកទី២នេះ គ្មាន​របួស​អ្វីឡើយ ហើយជនសង្ស័យម្នាក់ ត្រូវនគរបាលអាមេរិក​​ចាប់ខ្លួន​បាន រួម​នឹង​វត្ថុតាងកាំភ្លើង ប្រភេទ«AK-47» ១ដើម៕

អត្ថបទ៖ អក្ខរា